កំហឹងរបស់ខ្ញុំ - My angry

កំហឹងរបស់ខ្ញុំ

ខ្ញុំចាប់ផ្តើមមានកំហឹងយ៉ាងខ្លាំងចំពោះអ្នកជិតខាង ដែលគាត់បានចាក់សម្លេងខ្លាំងៗ បណ្ដាលឲ្យកូនប្រុសរបស់ខ្ញុំទាំងពីរនាក់ទទួលយកមិនបាន​​ រហូតរៀនលែងចូល។

ដំបូងខ្ញុំបានទៅនិយាយលួងលោមឲ្យគាត់បន្ថយសម្លេង គាត់មិនព្រម។ លើកទីពីរ លើកទីបី ខ្ញុំទាល់តម្រិះក៍ទៅប្ដឹងសង្កាត់ទឹកថ្លា។ លើកទីមួយយើងជួយគ្នានៅថ្ងៃ០៥ ខែមករា ឆ្នាំ២០១៧។ គាត់នៅមិនគោរពការសន្យាដដែល ម្តងនេះខ្ញុំបានយកពាក្យទៅដាក់នៅសង្កាត់ជាលើកទីពីរទៀត។ លោកសង្កាត់រងបានសុំឲ្យខ្ញុំទៅអញ្ជើញអ្នកនោះដោយផ្ទាល់ខ្លួន សូមឲ្យគាត់ចូលខ្លួនទៅបំភ្លឺមូលហេតុ។ ពេលនោះខ្ញុំក៍សូមជូនទៅលោកពូម្នាក់ដែលជាសមាជិកសង្កាត់ដែរ ហើយដែលកូនស្រីរបស់គាត់ជាមេភូមិស្រី កន្លែងដែលខ្ញុំស្នាក់អាស្រ័យនោះស្រាប់។

សម្លេងចាក់ខ្លាំងៗនៅតែបន្លឺឡើង ខ្ញុំគ្មានវិធីណាក្រៅពីទៅប្ដឹងសាលាខណ្ឌសែនសុខ។ លិខិតនោះដាក់នៅថ្ងៃ០១ ខែមីនា ឆ្នាំ២០១៧។ សាលាខណ្ឌបានហៅទូរស័ព្ទមក ឲ្យខ្ញុំទៅទទួលលិខិតអញ្ជើញ នៅថ្ងៃ០៤ ខែមីនា ឆ្នាំ២០១៧ និងផ្ញើលិខិតកោះហៅភាគីចុងចោទតាមខ្ញុំបាទដែរ ប៉ុន្តែដោយខណៈពេលនោះខ្ញុំមានដំណើរឆ្ពោះទៅខេត្តពោធិសាត់ស្រាប់ផង ក៍ខកខានមិនបានយកលិខិតនោះមកជូនចុងចោទភ្លាមទេ លុះថ្ងៃច័ន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៧ ទើបបានយកលិខិតនោះទៅផ្ញើនៅផ្ទះមេភូមិ។

ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ខ្ញុំបាទបានទៅដល់សាលាខណ្ឌនៅវេលាម៉ោងកំណត់គឺម៉ោង៩ព្រឹក។ ពេលយកលិខិតជូនដល់ដៃមន្ត្រីខណ្ឌសែនសុខរួចហើយ ខ្ញុំក៍បានអង្គុយចាំរហូតទាល់តែមន្រ្តីសម្របសម្រួលនោះនិយាយថា ខ្ញុំសូមធ្វើកំណត់ហេតុសាកសួរតែបងម្នាក់សិនចុះ ចាំពេលក្រោយសាលាខណ្ឌនឹងកោះហៅចុងចម្លើយនោះមកស្តាប់សំណូមពររបស់បង។ ខ្ញុំក៍ជូនពាក្យពិតថា ខ្ញុំសូមតែឲ្យគាត់បន្ថយសម្លេង ឲ្យឮតែត្រឹមក្នុងបរិវេណផ្ទះគាត់បានហើយ ដោយយោគយល់ថាគ្នាជាអាជីវករលក់សាច់អាំងមិនអាចមិនចាក់ចម្រៀងជូនភ្ញៀវបាន។

ការរៀបរាប់ពីមួយឃ្លាទៅមួយឃ្លា ពីមួយប្រយោគទៅមួយប្រយោគ។ ខ្ញុំបានសេចក្តីត្រួសៗពីមន្ត្រីសាលាខណ្ឌទាំងពីររូបនោះថា យើងបានត្រឹមតែហៅគេ (អ្នកលក់ពោះគោសឡា៣៣៣) រូបនោះមកប្រាប់ ដល់គេធ្វើតាម មិនធ្វើតាម មិនធានាឡើយ។ ខ្សិននោះក្នុងអារម្មណ៍ខ្ញុំហាក់ដូចជាអស់កម្លាំង ដែលខិតខំចិញ្ចឹមចិត្តគិតថា ក្រៅពីសង្កាត់ដោះស្រាយមិនបាន សាលាខណ្ឌជាទីសម្អាងនិងជាបង្អែកដ៏រឹមមាំ។ តែពេលនេះខ្ញុំគិតថា ឳ! រដ្ឋអំណាចនេះគ្មានបានផ្តល់នូវការកក់ក្តៅនៃការពឹងពាក់ពីសំណាក់យើងជាប្រជាជនសោះឡើយ។

ពិតត្បិតមិនអាចធ្វើការកៀបសង្កត់ គំរាមកំហែងក៍ដោយចុះ ត្រឹមឲ្យមតិថា ការនេះវាថិតលើអ្នកផ្សេងទីទៃ ដែលធម្មតាទៅហើយជាពាក្យឆ្លើយដោះសាររបស់មន្ត្រីរាជការសម័យតេជោនោះ។ ការរវើរវាយចេះតែកើតមានឡើងឥតឈប់ បើឡានផងនឹកខឹងផង សព្វគ្រប់វិធីរកនឹកឃើញអស់ហើយ។

១- អញនឹងទៅសរសេរក្នុងបណ្ដាញ Facebook បង្ហាញពីការនេះ ដោយប្រការផ្សេងៗរាប់មិនអស់។ គំនិតមួយមកទប់ថា ទេ អ្នកម៉ាក់បានសូមកុំឲ្យលូកលាន់ក្នុងការងារនយោបាយរបស់គេ ព្រោះវាជារឿងស្លាប់រស់ គុកច្រវ៉ាក់។
២- អញនឹងហៅទូរស័ព្ទទៅសួរ ថាតើមានមិត្តសម្លាញ់ណាម្នាក់អាចជួយបានក្នុងរឿងនេះ។ ប៉ុន្តែចិត្តមួយមកប្រាប់ថា កុំរំខានមិត្តរឿងនេះតូចតាចពេកណាស់។
៣- លុះពេលល្ងាចក្រោយហូបបាយល្ងាចហើយម៉ោងប្រមាណ៨យប់ (តាមពិតសម្លេងខ្លាំងៗនោះមានតាំងតែពីថ្ងៃមកម្លោះ) ការចាប់អារម្មណ៍លើសម្លេងរំខាននោះបានកើតមានក្នុងចិត្ត។ ពេលនោះចិត្តមួយមកប្រាប់ថា ចូរយកសាំងទៅដុតផ្ទះវានោះទៅ។ ចិត្តមួយទៀតថា រកដុំថ្មគប់វាទៅ។ ចិត្តមួយមកប្រាប់ថា ចូររកជួលមនុស្សយកគ្រាប់បែកទៅបោកកណ្ដាលជំនុំអ្នកកំពុងច្រៀងឡូឡានោះតែម្តងទៅ។ ទេ យើងមិនអាចនឹងទៅខឹងមនុស្សដែលគ្មានសីលធម៌ ដែលប្រៀបបានទៅនឹងសត្វតិរិច្ឆាននោះធ្វើអ្វី កាលណាគេប្រព្រឹត្តបែបនេះយូរបន្តិចគង់នឹងរដ្ឋអំណាចដឹង ហើយគេចាត់ការហើយ ម្យ៉ាងយើងបានជូនដំណឹងនេះទៅដល់ពីរដំណាក់កាលរួចហើយដែរ អ្នកជិតខាងជុំជិតគេនៅទ្រាំបាន ម៉េចយើងផ្ទះជាប់របងដូចតែគ្នា ម៉េចទ្រាំនឹងការលំបាកនេះមិនបាន វាជាការហ្វឹកហាត់មួយណា។

ថ្ងៃនេះ ទើបជាហេតុអស្ចារ្យ ការសរសេរនូវអត្ថបទនេះគឺមកពីម្សិលមិញកូនប្រុសម្នាក់បានមកប្រាប់ថា ប៉ាកូនរៀននៅក្នុងបន្ទប់នោះមិនកើតទេ ស្អែកកូនមានប្រឡងផង។ ខ្ញុំប្រញ៉ាប់រៀបតុដែលខ្ញុំអង្គុយធ្វើការខ្លួនឯងឲ្យកូនរៀនវិញ។

រឿងនេះជាសេចក្តីតូចមួយដែលពិចារណាបានថា ការដែលខ្ញុំបានចុះទៅធ្វើការពង្រឹងមូលដ្ឋានគ្រប់ច្រកល្ហក និងការដែលខិតខំធ្វើការងារជូនប្រទេសជាតិខ្លះនឹងគេដែរនោះហាក់គ្មានន័យខ្លឹមសារ។

ទីមួយ - ពួកយើងជាក្រុមគណៈពង្រឹងរង្អែងតែនិយាយសូមមេភូមិ​ មេឃុំ មេត្តាយកចិត្តទុកដាក់ដល់ការរស់នៅ សុខសុវត្ថិភាព សេវាសាធារណៈ បានល្អជូនប្រជាជន។ បើមានទាក់ទងនឹងរឿងចំណូលសូមមេត្តាអត់ធ្មត់សិន ព្រោះថ្ងៃបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតមកដល់ហើយ។ ម្យ៉ាងខ្លួនហើយ ប្រាក់ដែលរ៉ៃអង្គាសទៅធ្វើពិធីនានានៅភូមិចំនួន៥ដែលអត្មារួមចំណែកនោះនៅបន្តទាមទារឥតឈប់នៅឡើយ។ ដល់ភ្ជាប់មករឿងខ្លួនឯងជួបផ្ទាល់ វាចេះតែឲ្យគិតថា នេះអញទៅពង្រឹងគេ ឲ្យខ្លួនឯងទន់ទេតើ។ និយាយប្រដៅគេចុះទីនេះៗ មានអ្វីកើតឡើង នរណាៗ គេទទួលខុសត្រូវ។ ឳពិតជាគួរឲ្យសង្វេគណាស់ រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយរបស់វា ចុះបញ្ហាមួយនេះគិតយ៉ាងម៉េច?

ទីពីរ - មានការនិយាយគ្នាលេងថា ពេលគេខ្វះ គេស្រែកហៅឲ្យយើងទៅជួយ មរណភាព២០ម៉ឺនរៀល ឆ្លងទន្លេ ២០ម៉ឺនរៀល ជួសជុលផ្លូវក្នុងភូមិ កង្វះខាតផ្សេងៗតាមដែលអាចធ្វើទៅបាន។ ចុងក្រោយនេះយុទ្ធនាការចែកអង្ករ ចែកមី អង្គាសម្តងៗ១៥០ដុល្លាអាមេរិចយ៉ាងតិច។ បើតែយ៉ាងនេះខ្លួនអញ មុខជាលំបាកលំបិនដោយសម្ងាត់មែនហើយ។ ចុះពេលយើងមានការលំបាក តើមាននរណាគេមកជួយដោះស្រាយឲ្យយើង?

ទីបី - ទង្វើជាបន្ទាល់ ចុះបើទាំងអស់គ្នា (មន្រ្តីរាជការ) ប្រៀបបាននឹងមេទា បណ្តើរកូនមាន់យ៉ាងដូចនេះ តើប្រទេសជាតិដ៏កំសត់មួយនេះវានឹងទៅជាយ៉ាងណា?

ការពិភាក្សាដែលតែងតែធ្វើឡើងរវាង តើលុយ និងច្បាប់ គួរអនុវត្តមួយណា? គំនិតខ្ញុំដែលតែងគេបដិសេធនោះគឺការអនុវត្តច្បាប់ ដែលមិត្តទាំងឡាយនិយាយថា ខ្មែរយើងអនុវត្តមិនទាន់បានទេ។ គឺមានតែផ្តល់ប្រាក់ខែឲ្យគេគ្រប់គ្រាន់ទៅ ហើយកម្រឹតវិន័យបន្តិចម្ដងៗ វានឹងរៀបរយ ក្លាយជាច្បាប់ពេញបន្ទុកថាអនុវត្តបានជាខាងក្រោយ។ ខ្ញុំសួរតើប៉ុន្មានគ្រប់ ហើយពេលណាចាប់ផ្តើមធ្វើ ហើយពេលណាទើបសម្រេចថាទទួលយកជាការបាន?

យោបល់ដែលចេញពីកំហឹងមានតែប៉ុណ្ណឹង។ ខឹងខុស ខឹងខូច ខឹងខាត។ ដឹងហើយនៅតែប្រព្រឹត្តជាកំហុសពីរដង។ ដាក់កាំបិតចុះ ចាប់កាន់គម្ពីរធម៌ព្រះពុទ្ធ មិនទាន់ហួសពេល។ ខិតខំកែប្រែខ្លួនសិន សឹមទៅស្តីប្រដៅកែប្រែគេទើបមិនមានរង្គាស។

សេចក្តីគួរពុំគួរសូមខន្តីអភ័យទោស!

ពីខ្ញុំបាទដែលពោរពេញដោយកំហឹង! កំហឹងកម្ពុជា!

Comments

Popular posts from this blog

មនុស្សគេយកសំដី

នាងគង្ហីង - Neang Kohing

អ្នកតាឃ្លាំងមឿងជាទីសក្ការៈ