កំប្រុកស៊ីផ្លែល្វារមួលកទាក្រហាយគូទឈ្លូស
កំប្រុកប្រៀបដូចជាបុរស ក្នុងសង្គមគេតែងចេញក្រៅផ្ទះស្វែងរកចំណូល ដើម្បីចិញ្ចឹមភរិយានិងបុត្រាបុត្រី។ កំប្រុកស៊ីផ្លែល្វា គឺជាធម្មជាតិរបស់វា ចុះតើប្រុសៗដែលចេញពីផ្ទះវិញគាត់នឹងជួបអ្វីទៅ? មានពាក្យមួយឃ្លាថា វីរបុរសត្រូវនឹងស្រីស្អាត។ ចុះបើស្រីស្អាតរូបនោះមានលក្ខណះ ស្រដៀងនឹងផ្លែល្វាដែលល្អតែខាងក្រៅវិញនោះ តើបុរសនឹងទៅជាយ៉ាងណា? គឺពេលនោះហើយ ដែលភរិយាទទួលនូវផលដែលស្វាមីបានប្រព្រឹត្ត។ ភរិយាជាអ្នកស្រឡាញ់ប្តី ស្រឡាញ់បុត្រាបុត្រី ជាអ្នកដែលជិតស្និទ្ធបំផុតរបស់ស្វាមី ចុះបើយើងទៅអំពើខុសឆ្គងខាងក្រៅរួចនាំយកផលវិបាកមក អោយភរិយាវិញដូចនេះ សួរថាតើសុភមង្គលគ្រួសារវានឹងក្លាយទៅជាយ៉ាងណា? ធម្មតាប្តីប្រពន្ធ រមែងមានការរួមេត្រីនឹងគ្នា បើប្តីមានរោគាចូលខ្លួនហើយ ភរិយានឹងឆ្លងដែរ។ ភរិយាត្រូវទទួលនូវ ការលំបាកគ្រប់បែបយ៉ាងពីប្តី ណាម្យ៉ាងកិច្ចការសព្វសារពើ មើលថែទាំកូនតូច ផ្គត់ផ្គង់អាហារប្តី បើទោះជាស្រ្តីនោះមានឋានៈបុណ្យសក្តិក៍ដោយចុះ គិតគូររៀបចំទុកដាក់របស់របរដែលប្តីរកបាន យកចិត្តកូន ប្តី អ្នកផ្សេងមួយចំនួនដែលនៅជុំវិញខ្លួនថែមទៀតក៍សឹងមាន។ ប៉ុន្តែនាងនៅស៊ូទ្រាំ អត់ធ្មត់នឹងទង្វើររបស់ប្តីខ្លួនបែបនេះទៀត វាប្រៀបបាននឹងពាក្យរមួលកទាដូច្នោះ។ លុះដល់ផល នៃអំពើរបស់បុរសដែលនាំមកនូវមេរោគនោះធ្លាក់ទៅដល់កូនដែលគ្នាមិនដឹងអ្វីសោះគ្នាវេទនា គ្នាត្រូវសង្គមមិនអោយតម្លៃ គ្នាបាត់បង់អនាគត ដូចជាកូនដែលស្នងជម្ងឺអេដស៍ គេមានជីវិតដូច ជាគ្មានជីវិត តើរស់មានន័យអ្វី ជីវិតមានតែការសោកសៅ ដែលប្រៀបបាននឹងសត្វឈ្លូសពេល ដែលវាជុះម្តងៗធម្មជាតិអោយវាក្រហាយគូទស្រែកពេញព្រៃដូច្នោះដែរ។ រឿងនេះយើងអាចធ្វើការ ប្រៀបធៀបជាច្រើនសណ្ឋាន ច្រើនលក្ខណះតាមដែលអាចពិចារណារៀងៗខ្លួនចុះ។
Comments
Post a Comment